រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កម្មករ និងនិយោជិតរោងច្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ដោយ Rapid test ទទួលបានលទ្ធផលអវិជ្ជមាន ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរាងៗខ្លួន

ខេត្តកណ្ដាល៖ បន្ទាប់ពីបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ របស់កម្មករ និងនិយោជិតរោងច្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ដោយ Rapid test ចំពោះកម្មករ និងនិយោជិត ដែលទទួលលទ្ធផលអវិជ្ជមាន ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរាងៗខ្លួន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងដោយមានការចូលរួមពី លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ។

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កម្មករ និងនិយោជិត ដែលត្រូវបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ពួកគាត់ទាំងនោះត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីដែលសុខភាពរបស់ពួកគាត់មានការប្រែប្រួល ឬសង្ស័យ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីយកពួកគាត់ធ្វើការពិនិត្យ និងតាមដានសុខភាពដោយក្រុមគ្រូពេទ្យជំនាញ ហើយក្នុងរយៈពេលណាមួយ អាជ្ញាធរខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ និងអញ្ជើញពួកគាត់ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាថ្មីម្ដងទៀត តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា កម្មករ និងនិយោជិតទាំងអស់ មានទីលំនៅមកពី ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល ចំពោះការវិលត្រឡប់ទៅលំនៅឋានវិញ អាជ្ញាធរស្រុក ខេត្តដែលមានកម្មកររបស់ខ្លួន បានមកយកពួកគាត់នៅរោងចក្រផ្ទាល់ ដើម្បីជូនពួកគាត់ទៅដល់លំនៅឋានវិញ និងឱ្យគាត់ធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដែលនេះមានភាពងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង នៅពេលដែលមានប្រជាពលរដ្ឋរបស់ខ្លួន កំពុងធ្វើចត្តាឡីស័កនៅផ្ទះ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ចំពោះអ្នកដែលធ្វើតេស្ត មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្ត បានរៀបចំកន្លែងសម្រាប់សម្រាកព្យាបាល នៅរោងចក្រផ្ទាល់ ដោយមានក្រុមគ្រូពេទ្យសម្រាប់ព្យាបាល និងមានកម្លាំងការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ផងដែរ។

អត្ថបទទាក់ទង