ខេត្តកណ្ដាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ណែនាំដល់ មន្ត្រីកំពុងប្រចាំការនៅមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបន្តណែនាំ ផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីរាលដាលនៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវអភិបាលរងខេត្ត ណែនាំបែបនេះ ក្នុងឱកាសចុះ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
លោកជំទាវ បានបញ្ជាក់ថា មន្ត្រីប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមមានការអត់ធ្មត់ សូមកុំចេញពីផ្ទះបើមិនមានការចាំបាច់ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សានូវគម្លាតសុវត្ថិភាព លាងដៃជាមួយអាកុល ឬជែល នៅពេលដែលបងប្អូនបានចាប់ឬកាន់នូវរបស់អ្វីមួយ ដើម្បីបញ្ចៀសនូវការចម្លងមេរោគពីអ្នកដទៃមកលើខ្លួនយើង ពិសេសជាងនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល រួមមាន៣ការពារ ៣កុំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗនាពេលខាងមុខផងដែរ។
អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភដល់មណ្ឌលសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់ស្វាយរលំទាំង១៨ មណ្ឌល ដោយក្នុងមួយមណ្ឌលទទួលបាន អង្ករ ៥០គីឡូក្រាម មី២កេស ម៉ាស់ ២ប្រអប់ ជេលសម្លាប់មេរោគចំនួន ១០ដបតូច និងថវិកា ១០ម៉ឺនរៀល។