ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរង ខេត្ត និងឯកឧត្តម ខឹម សោភ័ណ ប្រធានក្រុមការងារចុះជួយសង្កាត់រកាខ្ពស់ បានអញ្ជើញចុះត្រួតពិនិត្យនៅតាមមណ្ឌលសកម្មភាពនិងសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសង្កាត់រកាខ្ពស់ ដែលមានមណ្ឌលសកម្មភាពទាំងអស់ចំនួន ១៥មណ្ឌលសកម្មភាព ។
ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗ ត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំ ពីវិធីការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវិដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ព្រោះសព្វថ្ងៃជំងឺកូវិដ-១៩ កំពុងរីករាលដាល ។
ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានជំរុញ និងផ្សព្វផ្សាយ អោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវិដ-១៩ អោយបានគ្រប់គ្នា និងបានអោយអជ្ញាធរមូលក្នុងមូលដ្ឋាន ចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដើម្បីអោយក្រុមការងារបានជួយឧបត្ថម្ភដល់ពួកគាត់ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ខឹម សោភ័ណ ប្រធានក្រុមការងារចុះជួយសង្កាត់រកាខ្ពស់ បានសរសើរដល់ទឹកចិត្តរបស់បងប្អូនប្រជាការពារ អាជ្ញាធរ យុវជន ស.ស.យ.ក ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលា ក្នុងការចូលរួមផ្សព្វផ្សាយ ណែនាំ និងអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយប្រើពាក្យស្លោក ៣ការពារ ៣កំុ និងរក្សាគំលាតសង្គម ។
សូមបញ្ជាក់ថា ក្នុងសង្កាត់រកាខ្ពស់ មានមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ ចំនួន ១៥មណ្ឌល ក្នុងមួយមណ្ឌល ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ម៉ាស់ ២ប្រអប់ ជែលលាងដៃ ១០ដប និងថវិកា ១០ម៉ឺនរៀល និងឯកឧត្តម ខឹម សោភ័ណ ប្រធានក្រុមការងារចុះជួយសង្កាត់រកាខ្ពស់ បានឧបត្ថម្ភបន្ថែមក្នុងមួយមណ្ឌលសកម្មភាព នូវថវិកា ចំនួន ១០ម៉ឺនរៀល ទៀតផងដែរ ។