ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា កម្មករ កម្មការិនី និងនិយោជិត រោងចក្រនៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល គឺជាស្រុកដែលមានអទិភាពនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-19 មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្ដាល នៅពេលដែលរារដ្ឋាភិបាល សម្រេចទម្លាក់នៅវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ខេត្តកណ្ដាល។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ដល់ផ្ទាល់ និងប្រយោល បន្ទាប់ពីកម្មកររោងចក្រមួយ ក្នុងស្រុកខ្សាច់កណ្ដាល មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីធានាដល់និរន្តភាព សេដ្ឋកិច្ចនៅក្នុងខេត្តកណ្ដាល កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាទស្នើឱ្យអាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយកម្មករដែលមានការសង្ស័យ មានជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា។