ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយពីសប្បុរសជននានា ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយដែលបានមកពីសប្បុរសជននានា កន្លងមក ក៏ដូចជាពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនៅផលប៉ះពាល់ពីជំងឺកូវិដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្តកណ្តាល។
ឆ្លៀតឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកឧកញ៉ាលោក លោកស្រី ដែលជាសប្បុរសជន ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។
សូមបញ្ជាក់ថា៖ អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបានពីសប្បុរសជនទី១ រួមមាន៖ លោក ឈាង បូនី និងភរិយា លោកស្រី ច័ន្ទ គឹមទី រួមមាន អង្ករ ចំនួន ៣តោន ត្រីខ ចំនួន ៣កេស ទឹកស៉ីអ៉ីវ ចំនួន ១០០យួរ ទឹកត្រី ចំនួន ១០០យួរ មី ចំនួន ១០០កេសតូច និងលោក HUANG YAOLIN បន្ថែមថវិកាផ្ទាល់ខ្លួន ចំនួន ២លានរៀល ។ សប្បុរសជន ទី២ លោក មួង ជ្រឿន និងលោកស្រី នាង សុវណ្ណារ៉ា ក្រុមហ៊ុន យ៉ត ឡូជីស្ទឹក ហ្វីស រួមមាន មីម៉ាម៉ា ចំនួន ២០កេសធំ ត្រីខ ចំនួន ២០កេសធំ ឆៃប៉ូវ ចំនួន ៥០០គីឡូក្រាម និងថវិកាចំនួន ២លានរៀល។ និងសប្បុរសជនទី៣ ម្ចាស់បុរី ខេមរភូមិ រួមមាន អង្ករផ្កាម្លិះ ចំនួន ២តោន មី ចំនួន ៨០កេស ទឹកស៉ីអ៉ីវ ចំនួន ២០កេស ត្រីខ ចំនួន ១០កេស និងទឹកបរិសុទ្ធ ចំនួន ៨០កេស ។