ខេត្តកណ្ដាល៖ លោក លីង យ៉ាង ប្រធានក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd បាននាំយកអំណោយជាសម្ភារៈ និងថវិកា ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីចែកជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក រួមមាន៖ រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក បញ្ជាការដ្ឋានយោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្ដាល ស្នងការនគរបាលខេត្តកណ្ដាល និងកងរាជអាវុធហត្ថខេត្តកណ្ដាល តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈ និងថវិកានាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ដែលបាននាំយកអំណោយទ្រព្យធនផ្ទាល់ខ្លួនជួយ ដល់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុកមួយចំនួន នៃខេត្តកណ្តាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ និងប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា អំណោយទាំងអស់នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះជាតម្រូវការចាំបាច់ បំផុតសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ហើយកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តកណ្តាល និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ អោយបានទាន់ពេលវេលា។
នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល តំណាងឲ្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុក ក៍បានថ្លែងអំណរគុណប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះ ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តមអភិបាលខេត្ត បានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះ លោក អគ្គនាយកក្រុមហ៊ុន និងសហការី សូមជួបប្រទះនូវព្រះពុទ្ធពរទាំង៥ ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាអំណោយដែល ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក រួមមាន ៖ រដ្ឋបាលក្រុងតាខ្មៅ ទទួលបានអង្ករ ៥០ តោន មី ២៥០កេស ត្រីខ ១០០កេស ទឹកសុទ្ធ ២៥០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៥០លានរៀល។ រដ្ឋបាលស្រុកកណ្តាលស្ទឹង ទទួលបានអង្ករ ៥០ តោន មី ២៥០កេស ត្រីខ ១០០កេស ទឹកសុទ្ធ ២៥០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៥០លានរៀល។ រដ្ឋបាលស្រុកកោះធំ ទទួលបានអង្ករ ៥០ តោន មី ២៥០កេស ត្រីខ ១០០កេស ទឹកសុទ្ធ ២៥០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៥០លានរៀល។ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស និងថវិការ ៤០ លានរៀល។ បញ្ជាការដ្ឋានយោធភូមិភាគពិសេស ទទួលបានអង្ករ ១០តោន មី ១០០ កេស ត្រីខ ៣០កេស ទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ ៥០យួរ កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ ១គ្រឿង ថវិកា ៤០លានរៀល និងអាវពេទ្យចំនួន ៥០អាវ។ តំបន់ប្រតិបត្តិការសឹករងកណ្ដាល ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ ១គ្រឿង និងថវិកា ៤០លានរៀល ។ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ ១គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង និងថវិកា ៤០លានរៀល ។ កងរាជអាវុធហត្ថខេត្តកណ្ដាល ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ ១គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង និងថវិកា ៤០លានរៀល ។