ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដាច់សង្វាស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនាពេលដ៏ខ្លីខាងមុខ។
ការអំពាវនាវនេះបានឡើងនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរសុខទុក្ខ និនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងមានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអនាម័យខ្ពស់ក្នុងការរស់នៅ ដោយអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ត្រូវពាក់ម៉ាសជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ និងអាកុលឲ្យបានញឹកញាប់ ជាពិសេសមិនត្រូវភ្លេច នូវការអនុវត្តនូវវិធានការ ៣ ការពារ និង៣កុំ របស់សម្តេច តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត។
នាឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដែលជាបេសកកម្មដ៏ធំធេង ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តបានចែកជូន ប្រជាពលរដ្ឋទាំង ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកត្រី១យួរ ត្រីខ១កេស និងអង្ករ ១០គីឡូក្រោម។