ក្រុងតាខ្មៅ៖ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បានឱ្យដឹងថា ក្នុងរយៈពេលក្រុងតាខ្មៅត្រូវបានបិទខ្ទប់ ២១ ថ្ងៃ មានបងប្អូនប្រមាណជាង ៣ពាន់គ្រួសារ ក្នុងសង្កាត់តាខ្មៅ ជួបការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។
លោក ជៀម ខូយ មានប្រសាសន៍ បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចែកស្បៀង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ក្រោយការបិទខ្ទប់ក្រុងតាខ្មៅអស់រយៈពេល ២១ ថ្ងៃ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
លោកចៅសង្កាត់ បានបន្តថា ប្រជាពលរដ្ឋដែលទទួលបានស្បៀងអាហារនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលជា កម្មករ កម្មការនីរោងចក្រ និងកម្មករផ្សេងៗ ក្នុងមុខសញ្ញាផ្ទះជួល ព្រមទាំងគ្រួសារក្រីក្រ ក្រ១ ក្រ២ តាមផែនការ និងគ្រួសារក្រីក្រ ក្រ១ ក្រ២ តាមការស្នើសុំ ដែលត្រូវបានបែងចែកជាពីរវគ្គ និងប្រជាពលរដ្ឋទូទៅដែលជួបការខ្វះខាតស្បៀងនៅក្នុងក្រុងតាខ្មៅ ដែលមិនមែនជាកម្មករ និងស្ថិតក្នុងគ្រួសារក្រីក្រនោះទេ តែមានជីវភាពខ្សត់ខ្សោយ និងខ្វះខាតជាក់ស្ដែង ក៏នឹងត្រូវទទួលបានស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល តាមរយៈរដ្ឋបាលសង្កាត់ក្រុងតាខ្មៅផងដែរ។
លោកចៅសង្កាត់ បានបន្ថែមថា ស្បៀងដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន មករដ្ឋបាលខេត្តកណ្ដាល តាមរយៈរដ្ឋបាលសង្កាត់តាខ្មៅ នឹងផ្ដល់ជូនដល់ប្រជាពលរដ្ឋគ្រប់គ្រួសារ នូវមុខសញ្ញាទាំងបីខាងលើនេះ។
លោកចៅសង្កាត់តាខ្មៅ ក៏បានឱ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សង្កាត់តាខ្មៅ មានអ្នកឆ្លងមេរោគកូវីដ-១៩ ជាង១០០ នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសង្កាត់ រដ្ឋបាលសង្កាត់ក្រុងតាខ្មៅ បានធ្វើការផ្សព្វផ្សាយដោយបានរៀបចំមណ្ឌលសកម្មភាពកូវីដ ចំនួន ៣១មណ្ឌល នៅតាមភូមិ និងបានផ្សព្វផ្សាយជាសារសំលេង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពីធីវិធានការការពារមេរោគកូវីដ-១៩នេះផងដែរ។ ទន្ទឹមនិងនោះលោកចៅសង្កាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩ ដោយអនុវត្តនូវ វិធានការ ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។
សូមបញ្ជាក់ផងដែរថាស្បៀងអាហារដែលផ្ដល់ជូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ។