រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្ន ក្នុងទីតាំងគំរោងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីទទួលលំនៅដ្ឋាន អចិន្ត្រៃយ៍ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាាអធិបតីក្នុងពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ជូន ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ រស់នៅក្នុងសំណង់បណ្តោះអាសន្ន លើខ្នងទំនប់៥៤ ,៩២ ,៩៤ ស្ថិតក្នុងទីតាំង គំរោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ចាក់ថា ពិធីប្រគល់លំនៅឋានអចិន្រ្តៃយ៍ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នាពេលនេះ គឺបានបង្ហាញ​អំពី​ការគិតគូ យកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិរស់រានមានជីវិត​ប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ក្រោមដំបូលនៃសុខសន្តិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលបានបន្តថា នៅពេលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងដំណាក់ការសាងសង់ យើង​ប្រាកដជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជាផលប៉ះពាល់សង្គម និងបរិស្ថានជាដើម ប៉ុន្តែវាក៏ជាកាលានុវត្តភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ដោយទំហំនៃការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវការកម្លាំង ជំនាញជាច្រើនពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំចូលរួមដោះស្រាយ ទទួលយកនូវសំណងផលប៉ះពាល់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លទ្ធភាពជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិថ្មី បន្តនូវការអភិវឌ្ឍការសាងសង់ព្រលានយន្តហោះថ្មីនេះ ដែលនឹងជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅមូលដ្ឋាន នាពេលខ្លីខាងមុខ។

សូមបញ្ជាក់ជូនថា លំនៅឋានអចិន្ត្រៃយ៍នេះមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ លើផ្ទៃដី ៥ម៉ែត្រ×២០ម៉ែត្រ ដែលសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែម នៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយ ក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាត ពីរបងដីខាងក្រោយ១ម៉ែត្រ ។ ការសាងសង់លំនៅឋាននេះ គឺមានការចុះតាមដានត្រួតពិនិត្យ ជាប្រចាំពី ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព ។

គួររំលឹកដែរថា កាលពីខែមករា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមាន​ផ្ទៃ​ក្រឡាត្រឹមតែ ៤០០ហិកតា និងអាចទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់។ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសភូមិសាស្រ្ត​ខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F ដែលមានទំហំសរុប ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មី​នេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០។

អត្ថបទទាក់ទង