ខេត្តកណ្តាល ៖ រសៀថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីឯកឧត្តមឧកញ្ញា ឈន ឆដា និងលោកជំទាវឧកញ្ញា សួង ស្រីទូច និងមន្ទីរដែនដីនគររូបនីយ៏កម្ម និងសំណង់ខេត្ត ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់លោកឧកញ្ញា ក៏ដូចជាមន្ទីរ ដែលបានបរិច្ចាគនូវថវិកា ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា និងយកចិត្តទុកដាក់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍ទាំងគ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម។
ឯកឧត្តម បន្តថា ថវិកា ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូចជាទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ៕