រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ ពីសមាគមន៏សមាធិពុទ្ធសាសនាអន្តរជាតិ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ ពីសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តកណ្ដាល។

ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រី អៀង វ៉ាន់ឡាយ ប្រធានសមាគមន៏សមាធិពុទ្ធសាសនាអន្តរជាតិ ដែលបានចូលរួម​បរិច្ចាគ​នូវអំណោយ ដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដែលអំណោយទាំងនេះគឺពិតជាមានសារៈសំខាន់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត និងកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្ត។

ឯកឧត្តមបានបញ្ជាក់ថា កាយវិការប្រកបដោយសប្បុរសធម៌ របស់សមាគមន៏សមាធិពុទ្ធសាសនាអន្តរជាតិនាពេលនេះ គឺពិតជាបានសបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ និងជាវប្បធម៌ នៃការ​ចែក​រំលែកក្នុងសង្គម ចេះជួយគ្នាក្នុងគ្រាលំបាកនានា។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានជូនពរទៅដល់ ប្រធានសមាគមន៍ ក៏ដូចជាក្រុមការងារទាំងអស់ សូមទទួលបាននូវ សេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អ និងសូមឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ហើយឯកឧត្តមអភិបាលក៏បានសន្យាថា នឹងនាំយកអំណោយទាំងអស់ ដែលសមាគមន៏បានផ្ដល់ជូនរដ្ឋបាលខេត្តនាថ្ងៃនេះ ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែល​កំពុង​រីករាល​ដាលនៅក្នុងកណ្តាល។

សូមបញ្ជាក់ថា អំណោយដែល សមាគមន៏សមាធិពុទ្ធសាសនាអន្តរជាតិបានផ្តល់ជូនរដ្ឋបាលខេត្តរូមមាន៖ មានអង្ករ ១០តោន មី១០០កេសតូច ម៉ាស៥០ប្រអប់ ទឹកស៊ីអ៊ីវ ៨៨ដប អាល់កុល ២៦៨ដប និងស្កសរ ១៤៥គីឡូក្រាម។

គួរំលឹកផងដែរថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះ សកម្មភាពរបស់សមាគម បានចូលរួមក្នុងការងារមនុស្សធម៌ ជាច្រើនជាពិសេសនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ សរុបជាថវិកាចំនួន ២១,៨៦៧ដុល្លារ ៕

អត្ថបទទាក់ទង