ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ ពីឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសាររបស់ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏ដូចជាឯកឧត្ដមផ្ទាល់ ដែលបានចូលរួមបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអំណោយទាំងនេះគឺពិតជាមានសារៈសំខាន់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត និងកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្ត។
ឯកឧត្តមបានបញ្ជាក់ថា កាយវិការប្រកបដោយសប្បុរសធម៌ របស់ឯកឧត្ដម នៃ ចារី និងក្រុមគ្រួសារនាពេលនេះ គឺពិតជាបានសបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ និងជាវប្បធម៌ នៃការចែករំលែកក្នុងសង្គម ចេះជួយគ្នាក្នុងគ្រាលំបាក។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានជូនពរទៅដល់ ឯកឧត្ដម និងក្រុមគ្រួសារ សូមទទួលបាននូវ សេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អ និងសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ហើយឯកឧត្តមអភិបាលខេត្តកណ្ដាលក៏បានសន្យាថា និងនាំយកអំណោយទាំងអស់នេះ ដែលឯកឧត្ដម និងក្រុមគ្រួសារបានផ្ដល់ជូនរដ្ឋបាលខេត្តនាថ្ងៃនេះ ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងកណ្តាល។
សូមបញ្ជាក់ថា អំណោយដែល ឯកឧត្ដម និងក្រុមគ្រួសារ បានផ្តល់ជូនរដ្ឋបាលខេត្តរួមមាន៖ ម៉ាស់ ចំនួន ២៥០០ម៉ាស់ ម៉ាកខ្លូវ (Cloud Brand) និងដបដាក់អាកុល ចំនួន ៤៣ដប ។