ខេត្តកណ្តាល៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យ សំណង់អគារនានា ក្នុងមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។
នាឱកាសចុះត្រួតពិនិត្យសំណង់អាគារ មណ្ឌលស្តារអ្នកគ្រឿងញៀនឯកឧត្តម វង សូត បានបញ្ជាក់ឲ្យដឹងថា មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ក្នុងការផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់ឲ្យដឹងទៀតថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦។ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើងរបស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះក៏បានគិតគូរពីវិធានការទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមាហរណកម្មពួកគេទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេទៅជាពលរដ្ឋល្អក្នុងសង្គម។
យោងតាមមន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងដែរថា មណ្ឌលនេះ នឹងមានការបណ្ដុះបណ្ដាលជំនាញជាច្រើន ដែលស្របទៅនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន ដោយក្នុងនោះអាចមានជំនាញដូចជា៖ ជួសជុលទូរស័ព្ទ អគ្គិសនី និងធ្វើម៉ាស៊ីនត្រជាក់ជាដើម ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ។
សូមជម្រាបថា នេះជាលើកទី១ ដែលកម្ពុជាសាងសង់មណ្ឌលនេះឡើង គឺអនុលោមតាមច្បាប់យុត្តិធម៌អនីតិជន សម្រាប់ដាក់អនីតិជន ល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំនួន ២០០០នាក់។ មណ្ឌលយុវនីតិសម្បទា ត្រូវបានសាងសង់លើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មានអគារសរុបចំនួន១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន០៥ខ្នង និងជួសជុលកែលម្អចំនួន១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ដោយឡែកមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់លើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕