ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើ ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង ៣ការពារ ។
ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា អំណោយមនុស្សធម៌ដ៍ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ សម្រាប់ រដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ ដែលកំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ឯកឧត្ដម អភិបាលខេត្ត បានសន្យាថា និងនាំយកអំណោយ មនុស្សធម៌ទាំងអស់នេះប្រើប្រាស់ឲ្យចំទិសដៅ នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ ក្នុងខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា សម្រាប់ការងារចាក់វ៉ាក់សាំង រដ្ឋបាលខេត្តសម្រេចបាន ១០០% លើដំណាក់កាលទី១ សម្រាប់ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់ មន្រ្តីភូមិ ក្រុម ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ បើគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ការងារចាក់វ៉ាក់សាំងមានលទ្ធផលដូចខាងក្រោម
+ប្រភេទវ៉ាក់សាំង Sinovacដូសទី១ សរុបចំនួន ៣៧ ៣៦៥ នាក់ ដូសទី២ សរុបចំនួន ៤០ ៧០១ នាក់ +ប្រភេទវ៉ាក់សាំង Sinopharmដូសទី១ សរុបចំនួន ៥ ០៨១ នាក់ ដូសទី២ សរុបចំនួន ៦ ១៩៤ នាក់ +ប្រភេទវ៉ាក់សាំង CovidShield (Astrazeneca)ដូសទី១ សរុបចំនួន ២៦ ៦៤៦ នាក់ដូសទី២ សរុបចំនួន ២៤ ៦១៧ នាក់ សម្រាប់ផែនការចាក់វ៉ាក់សាំង ក្នុងជំហានបន្ទាប់ រដ្ឋបាលខេត្ត បានរៀបចំផែនការស្ដីពីការប៉ាន់ស្មានតម្រូវការវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ (ស្រី ៦៧៥ ៥៧៨ នាក់) ។
សូមបញ្ជាក់ថា អំណោយជាសម្ភារដែល ឯកឧត្តម ប្រាក់ សុខុន បានប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ អាវពេទ្យចំនួន ១៦០០ឈុត និងម៉ាស ១២៤,០០០ម៉ាស ក្នុងនោះជូន រដ្ឋបាលខេត្តចំនួន១,០០០ឈុត និងម៉ាស ១០០,០០០ម៉ាស មន្ទីរពេទ្យបង្អែកជ័យជំនះចំនួន៦០០ឈុត និងម៉ាសចំនួន ២៤,០០០ម៉ាស។