ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជំុ ដាក់វិធានការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងតាខ្មៅ ដែលរស់នៅ " តំបន់ក្រហម " និងកម្មករ កម្មការិនី ច្រើនកំពុងស្នាក់នៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់លោកអភិបាលក្រុងតាខ្មៅ ចៅសង្កាត់ទាំង១០ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ។
ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកណ្ដាល និងដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ បានសម្រេចប្រគល់កិច្ច ជូន ក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេរមភូមិន្ទ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងមូលដ្ឋានក្រុង- ស្រុក ទាំង ១១ ដែលមាន"តំបន់ក្រហម"និងកម្មករ កម្មការិនីច្រើន កំពុងស្នាក់នៅ ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ក្រុងតាខ្មៅ ត្រូវតែធ្វើផែនការណ៍ និងស្រង់ស្ថិតិប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ព្រមទាំងកម្មករ កម្មការិនីទាំងអស់ និងចេញប័ណ្ណចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីងាយស្រួលក្នុងការបែងចែកក្រុមគ្រូពេទ្យ និងទីកន្លែង ចាក់វ៉ាក់សាំងអោយមានភាពងាយស្រួល និងមានសុវត្ថិភាព៕