រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ខេត្តកណ្ដាល៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នៅរសៀលថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមដំណើរដោយ លោកជំទាវ លោក លោកស្រីជា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយប្រគេន និងប្រគេន សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយរង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខាងមុខនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដា រួមទាំង អនុប្រធានគណៈកិត្តិយសសាខា ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីបុគ្គលិកក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទូទាំងខេត្តកណ្តាល សូមព្រះបរមរាជា នុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត លំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមី នៃទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំ ជាទីជ្រកកោនរបស់ប្រជារាស្ត្រជាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា រស់នៅដោយទទួលបានសេចក្តីសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ។

ទេយ្យវត្ថុដែលបានប្រគេនវត្តព្រះឥន្ទសាមគ្គីធម៌ រួមមាន ៖ អង្ករ ១តោន, មី ១២កេស, ត្រីខ ២កេស, ស្ករស ១០គីឡូក្រាម, ទឹកដោះគោ ១កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ១០កេស, ម៉ាស ២៥ប្រអប់, ជែល ២កេសតូច, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក, ផ្លែឈើស្រស់ ៥កន្ត្រក និងបច្ច័យចំនួន ៥លានរៀល។ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចសង្ឃ និងព្រះចៅអធិការវត្ត ក្នុងវត្តនីមួយៗ នូវ សាដក ១, ចង្ហាន់ ១ស្រាក់ , បង្អែម ១ស្រាក់តូច និងបច្ច័យ ១លានរៀល។

អត្ថបទទាក់ទង