រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសព ស្លាប់ដោយសារលង់ទឹក នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា តំណាងឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសព ដែលបានស្លាប់កូនចំនួន ២នាក់ ដោយសារលងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីក្រៀមក្រំនិងសេចក្តីនឹករឭកជាទីបំផុត ។ ជាមួយគ្នានេះលោក នាយកក៏បានសម្តែងនូវការចូលរួមរំលែកការសោកស្តាយជាមួយនឹងក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់នូវកូនប្រុស ស្រី ជាទីស្រឡាញ់ស្មើជីវិតដោយសារគ្រោះខាងលើ ។

លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺផ្តោតទៅលើការងារជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្មានការរើសអើងជាតិសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ជាក់ស្តែងដូចក្នុងករណីរងគ្រោះនេះជាដើម ។ លោកបានបញ្ជាក់បន្ថែមថា អំណោយមនុស្សធម៌ដែលបាន ឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួចស្តួចស្តើងមិនបានសមទៅនឹងទំហំនៃការបាត់បង់សមាជិកគ្រួសារក៏ពិតមែន ប៉ុន្តែ វាក៏អាចជួយសម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ ។

នាកាលនោះដែរលោកនាយកសាខា ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពសូមកុំអស់សង្ឃឹម ត្រូវខំកាត់ចិត្តព្រោះហេតុការណ៍នេះបានកើតឡើងរួចហើយវាមិនអាចវិលត្រឡប់មកដូចដើមបានឡើយ គប្បីត្រូវបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ នឹងត្រូវគិតគូអំពីអនាគតបន្តទៀតទើបជាការល្អ។

គួររំលឹកផងដែរថា៖ ករណីក្មេងលង់ទឹកស្លាប់ ក្នុងរណ្តៅជីកដាក់លូបង្គន់នេះ បានកើតឡើងនៅ វេលាម៉ោង ១៥ៈ៣០នាទី កាលពីថ្ងៃទី២២ ខែមិថុនា ២០២១ នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈដែល ឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយពីផ្ទះ បណ្តាលអោយស្លាប់កូនចំនួន ០២នាក់ រួមមាន៖ ១-ឈ្មោះ សុីម គុជនីម ភេទ ស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះសុីម គុជលៀង ភេទ ប្រុស អាយុ ៤ឆ្នាំ ជនជាតិខ្មែរ ។

អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារសពរួមមាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ១យួរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេស ប្រេងឆា២ដប ម៉ាស់១ប្រអប់ ជែលលាងដៃ១ដប និងថវិកា៨០ម៉ឺនរៀល។

អត្ថបទទាក់ទង