រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។ ឯកឧត្តមអភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមបន្ថែមថា គ្រប់អាជ្ញាធរក្រុង -ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី​កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើមឈើប្រភេទលម្អ ជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) កំណាត់ផ្លូវបំបែកពីវត្តវត្តអរិយកស្សប ទៅបឹងឆ្កែលុង ក្នុងឃុំភ្នំបាត និងតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងស្រុកមុខកំពូល សរុបចំនួន ១៦៤៨ដើម និងចែកកូនឈើចម្រុះប្រភេទ សរុប៤៦០០ដើម។

អត្ថបទទាក់ទង