ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា មន្ទីរពាក់ព័ន្ធ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋចំនួន២១០ គ្រួសារ ដែលកំពុងស្ថិតនៅតំបន់បិទខ្ទប់ ក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក។
ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំង២១០គ្រួសារ ត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ-១៩ ពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣ការពារ ៣កុំ ឱ្យបានដើម្បីបញ្ចៀសនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រនេះផ្ទាល់ និងដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមិនឱ្យមានការឆ្លងចូលក្នុងសហគមន៍បន្ថែមទៀត។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើការរោងចក្រនៅស្រុកអង្គស្នួល និងបានឆ្លងជំងឺកូវីដ-១៩ ហើយគិតមកទល់ពេលនេះមានប្រជាពលរដ្ឋចំនួន ៤២នាក់ បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិរកា និងត្រូវបានដាក់ជា"តំបន់លឿងទុំ" កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ អង្ករ ២០ គីឡូក្រាម ,ទឹកសុទ្ធ ១កេស ,ត្រីខ ១ យួរ ,មី ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ,ដែល ១ដប ,ម៉ាស ១០បន្ទះ ,និងថវិកា ៣ម៉ឺនរៀល។