រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

យុទ្ធនាការក្រោមប្រធានបទ “យុវជនកាកបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន” ចូលរួមអបអរសាទរ រុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំពិធីអបអរសាទរ រុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១ ក្រោមប្រធានបទ "យុវជនកាកបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន" ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងអនុសាខា ក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។

ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមបន្ថែមថា គ្រប់អាជ្ញាធរក្រុង -ស្រុក និងអនុសាខា ក្រុង-ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី​កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើមឈើប្រភេទលម្អ សរុបចំនួន ១១៥០ដើម រួមមានដើមគគីរចំនួន ៤៥០ដើម គនីនចំនួន ១០០ដើម ក្ងោកចំនួន ២០០ដើម បេងចំនួន ២០០ដើម និងក្រញូងចំនួន ២០០ដើម នៅទីតាំងចំនួន ៩ កន្លែង រួមមានវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត វត្តអង្គពពាយ វិទ្យាល័យ ហ៊ុន សែន អង្គពពាយ សាលាបឋមសិក្សាអង្គពពាយ វត្តចំបក់ អនុវិទ្យាល័យទាន់អរ សាលាបឋមសិក្សាព្រៃទទឹង សាលាបឋមសឹក្សាទួលសាលា និងសាលាបឋមសិក្សាមង្គលបុរី។

អត្ថបទទាក់ទង