ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈពីសប្បុរសជននានា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
កឧត្តម បន្តថា ថវិកា និងសម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
ថវិកាដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖១-លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) និងត្រីខកំប៉ុងចំនួន១,០០០កេស។ ២-លោក ផាច សុផល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០០(ប្រាំរយ) ដុល្លារ។