ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញមកសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់បងប្អូនកម្មករ កម្មការិនីធ្វើសំណង់ចំនួន ២០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីធ្វើសំណង់ទាំង២០រូប សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ជាពិសេសឯកឧត្តមក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមជួបតែសេចក្តីសុខសប្បាយ សូមកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្ដីប្រចាំការ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កនេះ ឲ្យមានបរិស្ថានស្អាតល្អ ត្រូវផ្គត់ផ្គង់អាហារហូបចុក ហ្គាស និងទឹក ភ្លើងអគ្គិសនីប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ត្រូវដោះស្រាយនូវរាល់សំណូមពរដែលពួកគាត់បានស្នើសុំឲ្យបានឆាប់រហ័ស ហើយនៅពេលដែលពួកគាត់មានបញ្ហាសុខភាពគួឲ្យសង្ស័យ ត្រូវបញ្ជូនគ្រូពេទ្យជំនាញមកធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ។សូមកញ្ចាក់ថា អំណោយដែលបានចែលជូនដល់កូនកម្មករកម្មការិនីសំណង់ក្នុងឱកាសនោះ គឺក្នុងម្នាក់ទទួលបាន អង្ករ ១៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ១យួរ ជេល១ដប់ ម៉ាស១ប្រអប់ ថវិការរបស់រដ្ឋបាលខេត្ត ៣ម៉ឺនរៀល និងថវិការបស់ម្ចាស់សំណង់ចំនួន ៥ម៉ឺនរៀល សរុប ៨ម៉ឺនរៀល។លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្នុងការដ្ឋានសំណង់នេះមានកម្មករសរុបចំនួន ៨៩នាក់ ក្នុងនោះបានឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩នាក់ បានបញ្ជូនទៅសម្រាក និងព្យាបាលនៅមណ្ឌលរួចហើយ ដោយឡែកសម្រាប់បងប្អូនកម្មករកម្មការិនីដែលបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ទាំង២០នាក់នេះ ត្រូវបានអាជ្ញាធរសម្រេចដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងធ្វើសំណង់នេះផ្ទាល់តែម្ដងតាមវិធានការរបស់ក្រសួងសុខាភិបាល។