រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ ក្នុងស្រុកកោះធំ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្ដាល៖ គ្រួសារក្រីក្រ និងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន០៧ គ្រួសារ ក្នុងនោះគ្រួសាររលំទាំងស្រុងចំនួន០២គ្រួសារ គ្រួសាររងគ្រោះធ្ងន់ធ្ងរមួយគ្រួសារ និងរងគ្រោះដោយអន្លើចំនួន០៤គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ព្រមទាំងសហការី និងអនុសាខាស្រុកចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជួនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ឋ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ហើយសម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។

ជាមួយគ្នានេះផងដែរ លោកនាយកសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ។

ជំនួយសង្រ្គោះដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះ ទាំង០៧គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ,អាល់កុល ១ដប ,ម៉ាស់ ១ប្រអប់ ,ប្រេងឆា ១ដប។ ដោយឡែកចំពោះអ្នករងគ្រោះរលំផ្ទះទាំងស្រុង ០២គ្រួសារ បានឧបត្ថម្ភបន្ថែមជូនបន្ថែមក្នុងគ្រួសារនីមួយៗនូវ៖ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល។ រីឯអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរ ០១គ្រួសារ បានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗ ចំនួន ២០ម៉ឺនរៀល និងដោយអន្លើចំនួន ០៤ គ្រួសារ បានឧបត្ថម្ភថវិកា ១០ម៉ឺនរៀល ៕

អត្ថបទទាក់ទង