រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ស្រុកចំនួន២ ទទួលបានរថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ តាមរយៈរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ដែលបានប្រគល់ឲ្យរដ្ឋបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រគល់ជូនដល់ ស្រុកកណ្តាលស្ទឹង ១គ្រឿង និងស្រុកកោះធំ ១គ្រឿង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ ក្នុងការជួយសង្គ្រោះអ្នកជំងឺទូទៅដែលត្រូវការចាំបាច់ និងបន្ទាន់។

មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលរថយន្តនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យមើលឃើញពីការលំបាក់ និងតម្រូវជាក់ស្តែងកន្លងមក នៅមូលដ្ឋាន ទើបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្រេចប្រគល់រថយន្តទាំង០២គ្រឿងនេះ មកឲ្យរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់ចែងប្រគល់បន្តទៅឲ្យក្រុង-ស្រុក គោលដៅដែលកំពុងតែមានតំរូវការចាំបាច់បំផុត ក្នុងការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ចំពោះប្រជាពលរដ្ឋក្រីក្រតែម្តង។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រថយន្តសង្គ្រោះទាំងនេះ គឺជាមធ្យោបាយដ៏ប្រសើរ សម្រាប់បម្រើការងារលើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង គុណភាព នៃការផ្តល់សេវាសុខាភិបាលថែមទៀត ជាពិសេសជាមធ្យោបាយជួយក្នុងការសង្គ្រោះអ្នកជំងឺ និងការងារកិច្ចប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មូលដ្ឋាន ស្រុកកណ្តាលស្ទឹង និងស្រុកកោះធំ ត្រូវខិតខំផ្តល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ត្រូវប្រើប្រាស់រថយន្តសង្គ្រោះដែលទើបតែទទួលបាននេះ ឲ្យចំគោលដៅ ស្រមតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចេះថែទាំប្រើប្រាស់ឲ្យបានយូរអង្វែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍ តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

អត្ថបទទាក់ទង