រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នើដល់អនុសាខាក្រុង-ស្រុក ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខាដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្ដម អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តាមអនឡាន(ZOOM)។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ សមាជិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១។

ឯកឧត្ដម បន្តថា យុទ្ធសាស្ត្រ ២០២១-២០៣០ របស់ សាខាជាមគ្គុទេសន៍សម្រាប់ដំណើរផ្លូវក្នុងរយៈពេល១០ឆ្នាំ បន្ត ហើយក្នុងនាមជាជំនួយការឱ្យអាជ្ញាធម៌សាធារណៈក្នុងវិស័យមនុស្សធម៌ អនុវត្តសកម្មភាពនៅគ្រប់ស្ថានការណ៍ ក្នុងការបំពេញតួនាទីស្របជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បន្ថែមថា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និង ជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខា ដើម្បីជាទុនក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានក្រុង-ស្រុករៀងៗខ្លួន។

អត្ថបទទាក់ទង