រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ត្រៀមសម្រាប់ទទួលពលករដែលត្រឡប់មកពីប្រទេសថៃ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ថ្លែងទៅកាន់អាជ្ញាធរ ស្រុកអង្គស្នួល ក្នុងឱកាសចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន២កន្លែង ទុកសម្រាប់ទទួលពលករដែលមកពីប្រទេសថៃ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានធ្វើការជម្រុញ និងលើកទឹកចិត្ត ដល់កងកម្លាំង មន្ត្រីពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូពេទ្យ ដែលត្រូវប្រចាំការទាំងអស់ត្រូវរួមសហការគ្នាឲ្យស្អិតរមួត ដើម្បីរៀបចំមណ្ឌលចត្តាឡីស័ក ក៏ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឲ្យមានបរិស្ថានស្អាត មានអនាម័យ និងសុវត្ថិភាពខ្ពស់ ពិសេសគឺត្រូវរៀបចំកន្លែងស្នាក់នៅ និងបន្ទប់ទឹក ឲ្យមានរបៀបរៀបរយសមរម្យ សំដៅបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករមកពីប្រទេសថៃ ដែលបំពេញកាតព្វកិច្ចធ្វើចត្តាឡីស័ក ឬសម្រាប់ព្យាបាល ប្រកបដោយប្រសិទ្ធភាពតាមផែនការគ្រោងទុក។

នាឱកាសនោះឯកឧត្តមអភិបាលរងខេត្តបានក្រើនរំលឹក ដល់មន្ត្រីជួរមុខ រួមមាន លោកគ្រូអ្នកគ្រូពេទ្យ កងកម្លាំងប្រចាំការ ដែលត្រូវអនុវត្តផ្ទាល់ចំពោះកិច្ចការខាងលើនេះ គឺត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ ត្រូវធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះអោយសោះ ពីព្រោះពួកយើងគឺជាកម្លាំងស្នូល គឺជាទីពឹងសម្រាប់ប្រជាពលរដ្ឋ ក្នុងកិច្ចការការពារ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍។

បន្ថែមពីលើនេះឯកឧត្តមក៏បានស្នើ ដល់កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ក៏ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដោយមិនត្រូវបណ្ដែតបណ្ដោយ ឬមានការធ្វើប្រហែសដោយប្រការណាមួយ ដែលអាចបង្កឲ្យមានអ្នករត់គេចវេសពីការធ្វើចត្តាឡីស័ក ឬសម្រាកព្យាបាលជាដាច់ខាត។

ក្រៅពីនេះឯកឧត្តមអភិបាលរងខេត្តក៏បាន ជំម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ដើម្បីតាមដាន ពលករដែលទើបមកពីបរទេស និងជនចំណូលថ្មីដែលគួរឲ្យសង្ស័យ ត្រូវរាយការណ៍មកដល់អាជ្ញាធរ ដើម្បីមានវិធានការ ចុះធ្វើការស្រាវជ្រាវយកអ្នកដែលគួរឲ្យសង្ស័យទាំងនោះ មកពិនិត្យសំណាក សំដៅបង្ការ និងទប់ស្កាត់ជាមុនកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ចូលសហគមន៍ ជាពិសេសគឺជំងឺកូវីដ-១៩ ប្រភេទថ្មី ប្រភេទដែលតា វាជាប្រភេទវីរុសបំលែងថ្មី ដែលមានការឆ្លងរីករាលដាលបានយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានបញ្ជាក់ថា រដ្ឋបាលស្រុកអង្គស្នួលបានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទុកសម្រាប់ទទួលពលករដែលមកពីប្រទេសថៃចំនួន ២កន្លែង គឺ ទី១មណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាអង្គពពាយ ដែលអាចផ្ទុកអ្នកធ្វើត្តាឡីស័កបានចំនួន ៧២នាក់ និងទី២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង មានលទ្ធភាពអាចផ្ទុកកជំងឺបានចំនួន ២៣០នាក់។ លោកបានបន្ថែមថា នៅពេលដែលមានពលករដែលត្រឡប់មកពីប្រទេសថៃ អាជ្ញាធរត្រូវនាំពួកគាត់មកមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអង្គពពាយ ដើម្បីបំពេញការធ្វើចតាឡីស័កចំនួន ១៤ថ្ងៃ និងពិនិត្យយកសំណាក់ ករណីពិនិត្យឃើញពលករណាមួយមានវិជ្ជមានជំងឺកូវីដ-១៩ អាជ្ញាធរនឹងបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹងតែម្តង។

អត្ថបទទាក់ទង