ខេត្តកណ្តាល៖ ដោយមានការណែនាំពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីអនុវត្តនូវសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៏ដូចជាប្រសាសន៍ណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ រាជធានី ខេត្តទាំងអស់ ក្នុងការត្រៀមលក្ខណៈរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាម រាជធានី ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក វិទ្យាល័យសិរីមង្គល និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីត្រៀមទទួលពលករដែលវិលត្រលប់មកពីប្រទេសថៃវិញ។
មានប្រសាសន៍នាកាសចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុកមុខកំពូល ត្រូវរៀបចំមណ្ឌលចត្តាឡីស័កទាំងពីរអោយបានស្អាត ដោយធានាបាននូវផាសុខភាព និងសុវត្ថិភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ករបស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។ ជាងនេះទៅទៀតអាជ្ញាធរស្រុក ត្រូវរៀបចំគ្រែអោយបានគ្រប់គ្រាន់ ត្រូវមានកន្លែងសម្រាប់លាងដៃ បន្ទប់ទឹកត្រូវអោយបានស្អាត ព្រមទាំងរៀបចំទីធ្លាអោយបានធំទូលាយ ដើម្បីអោយបងប្អូនពលករទាំងអស់ ធ្វើលំហាត់ប្រាណ។ លើសពីនេះទៀតអាជ្ញាធរស្រុក ត្រូវរៀបចំនូវអាហារអោយបានសមរម្យចំនួនបីពេលក្នុងមួយថ្ងៃ ជូនដល់បងប្អូនពលករដែលកំពុងធ្វើចតាឡីស័កផងដែរ។
លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានអោយដឹងថា ស្រុកបានរៀបចំនៅមណ្ឌលចត្តាឡីស័កចំនួន២ ដើម្បីត្រៀមសម្រាប់ទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះរួមមានមណ្ឌលចត្តាឡីស័ក វិទ្យាល័យសិរីមង្គល និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលអាចដាក់អ្នកចត្តាឡីស័កបានជិត ១ពាន់នាក់អ្នក។ លោកបន្ថែមថា ទូទាំងស្រុកមុខកំពូល មានប្រជាពលរដ្ឋដែលកំពុងធ្វើពលករនៅប្រទេសថៃ ប្រមាណជាង៣០០នាក់។ លោកក៏បានអោយដឹងទៀតផងដែរថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ស្រុកមុខកំពូលមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧០នាក់ ព្យាបាលបានជាសះស្បើយចំនួន៦២២នាក់ ស្លាប់ចំនួន១២នាក់។