រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ពី សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាលគណៈមហានិកាយ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីទទួលអំណោយមនុស្សធម៌ពី សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាលគណៈមហានិកាយ និងជាចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ " ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

មានសង្ឃដីកាក្នុងពិធីទទួលអំណោយមនុស្សធម៌ សម្ដេចព្រះមុនី ជា សំអាង បានសម្ដែងនូវការគាំទ្រក្នុងការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយនានា និងដើម្បីជួយគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្ដាលផងដែរ ហើយ ចំពោះអំណោយដែលបានមកនៅពេលនេះ គឺទទួលបានពីទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លា ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាសប្បុរសជន និងពុទ្ធបរិស័ទនានានៅក្នុងខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចព្រះឧត្តមមុនី ជា សំអាង ដែលបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ ។ ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

ឯកឧត្ដម អភិបាលខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឲ្យចំគោលដៅ ដើម្បីប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ផងដែរ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបាននាពេលនេះរួមមាន ៖ អង្ករ ០១តោន ទឹកក្រូច ៥០កេស ទឹកសុទ្ធ៥០កេស ក្រមា ២០០ និងថវិកា ចំនួន ៨លានរៀល។

អត្ថបទទាក់ទង