ខេត្តកណ្ដាល៖ អំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ មួយចំនួន ត្រូវបានលោក អាន មករា ប្រធាន ក្រុមហ៊ុនSM Lang Co,Ltd ជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ នាព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរីភោគ ពីលោក អាន មករា ប្រធានក្រុមហ៊ុន SM Lang Co,Ltd សម្រាប់ជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖-ទឹកបរិសុទ្ធ ១០០កេស-មី ៥០កេស-ត្រីខកំប៉ុង ៥០យួរ-ម៉ាស ១០,០០០(ដប់ពាន់) ម៉ាស់ និងថវិកា ៤,០០០,០០០(បួនលាន)រៀល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់លោក អាន មករា ប្រធាន ក្រុមហ៊ុនSM Lang Co,Ltd និងសហការី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។