រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិ រៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ Zoom meeting

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិ រៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងបើកយុទ្ធនាការអប់រំសង្គម ន SEA Games-ASEAN Para Games 2023 តាមប្រព័ន្ធវីដេអូ Zoom meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។

យោងតាម របាយការណ៍បូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិ រៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ថា៖ សម្រាប់ការអភិវឌ្ឍសមត្ថភាពកីឡាកតាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា យើងបានត្រៀមបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសចិន ចំនួន១២ប្រភេទកីឡារួមមាន៖ កីឡាចំបាប់ កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម វាយកូនលើតុ វាយសី វូស៊ូ បាល់បោះ បាល់ទះ បាញ់កាំភ្លើង បាល់ទាត់នារី និងកីឡាលើកទម្ងន់។

ដោយឡែកចំពោះប្រភេទកីឡាផ្សេងៗទៀត គណៈកម្មាធិការជាតិក៏បាន បញ្ចូនចេញទៅហ្វឹកហាត់ និងត្រៀមចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដូចជា៖ កីឡាការ៉ាតេ ទៅហ្វឹកហាត់នៅអ៊ីរ៉ង់ និងជប៉ុន។ កីឡាប្រណាំងកង និងកីឡាប្រដាល់សកល ទៅហ្វឹកហាត់នៅបារាំង។ កីឡាគុនដាវ ត្រៀមទៅរុស្ស៊ី ឬបារាំង។ កីឡាទ្រីយ៉ាត្លុង និងក្រុមកីឡាបាល់គប់ក្នុងទឹក ទៅហ្វឹកហាត់នៅសឹង្ហបុរី ។ ចំពោះកីឡាករ កីឡាការិនីកូនខ្មែរនៅក្រៅប្រទេស ក៏បាននឹងកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ និង ចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់រួមមាន ជីជិតស៊ូ ហែលទឹក ប្រណាំងកង់ បាល់បោះ គុនដាវ នៅអាមេរិក, ហុកគឺ នៅឥណ្ឌា, ម៉ូតូទឹក នៅថៃ, ប្រដាល់សកល នៅ វៀតណាម។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ សំដៅលើកកម្ពស់ការ បណ្តុះបណ្តាលធនធានមនុស្ស ក្រុមជម្រើសជាតិ ដើម្បីបង្កើនគុណផលកីឡាដណ្តើមមេដាយ និងវិនិច្ឆ័យការ ប្រកួតតាមស្មារតី និងខ្លឹមសារកំណត់ក្នុងផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងបរិបទការរីករាល វោលជម្ងឺកូវីដ- ១៩។

សូមបញ្ជាក់ដែរថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានជ្រើសរើសជម្រើសជាតិជនពិការចំនួន៧៧នាក់ ដើម្បីធ្វើការហ្វឹកហាត់លើប្រភេទកីឡាបាញ់ធ្នូ អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់បោះជនពិការ លើកទម្ងន់ វាយកូនឃ្លីលើតុ បូស្យា និងបានចុះឈ្មោះគ្រូបង្វឹកជម្រើសជាតិចំនួន០៥នាក់ ទទួលការបណ្តុះបណ្តាលខ្នាត អន្តរជាតិ តាមប្រព័ន្ធអនឡាញលើប្រភេទកីឡាបាល់បោះជិះរទេះ អត្តពលកម្ម និងបាល់ទះអង្គុយផងដែរ។

អត្ថបទទាក់ទង