លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅភូមិដំណាក់ព្រីង អញ្ជើញមកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ចៀសចៀសវាងខុស កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ ធ្វើការកែសម្រួលឡើងវិញ ឲ្យបានត្រឹមត្រូវ មានតម្លាភាព និងពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ដែលមាន ក្បាល់ដីចំនួន ១,៨៥៧ ក្បាលដី។
លោក ព្រំ ឆាត បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។
លែងក្នុងពិធីនោះដែរ លោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍ថា ការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ ការប្រើប្រាស់ដីធ្លីស្របច្បាប់ និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។
ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន លោកអភិបាលរងស្រុកបាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ៕