ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជម្រុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវពង្រឹងលើវិធានការបង្កា និងទប់ស្កាត់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានាពិសេស បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់ក្រុង ស្រុក ទាំងអស់ក្នុងខេត្តកណ្តាល។
ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានា តាមប្រព័ន្ធវីដេអូ Zoom Meeting។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវិដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
បន្ថែមពីលើនេះឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ និងត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្ត តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលប្រចាំខែកក្កដា បានឲ្យដឹងថា៖ សភាពការណ៍បទល្មើស កើតឡើងចំនួន៦៥/៥២ករណី (កើន១៣ករណី=២៥%) បណ្តាលឲ្យស្លាប់២២នាក់ របួស៣៤/១៦នាក់ រងគ្រោះ២៨/២៦នាក់ ក្នុងនោះ បទឧក្រិដ្ឋ: មាន ៨/៦ករណី (កើន២ករណី=៣៣%) បទមជ្ឈឹមមាន ៥៧/៤៦ ករណី (កើន១១ករណ៏=២៤%)។ លទ្ធផលបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន៦១ករណី=៩២% ចាប់ជនល្មើស៧៩នាក់ (ឧក្រិដ្ឋ៦ករណី ចាប់៧នាក់=៧៥% មជ្ឈិម៥៥ករណី ចាប់៧២នាក់=៩៥%) ក្នុងនោះ បង្ក្រាបដោយកងរាជអាវុធ១ករណី បង្ក្រាបជាក់ស្ដែងបាន ៥៩ករណី ចាប់ជនល្មើស៦នាក់ (ឧក្រិដ្ឋ៥ករណី ចាប់បាន៥នាក់ មជ្ឈិម៥៤ករណី ចាប់បាន៧១នាក់)។ បង្ក្រាបស៊ើបអង្កេត ២ករណី ចាប់ជនល្មើសបាន ៣នាក់ ឧក្រិដ្ឋ១ករណី ចាប់បាន២នាក់ មជ្ឈិម១ករណី ចាប់បាន១នាក់)។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត៦០ករណី ជនល្មើស៧១នាក់ (ឧក្រិដ្ឋ៦ករណី, មជ្ឈិម៥៤ករណី)។