ខេត្តកណ្តាល៖ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួន ឲ្យបានច្បាស់លាស់ជៀសវាងខុស កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ឲ្យបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ៣ភូមិរួមមាន ភូមិតាជោ ភូមិក្តីកណ្តាល និងភូមិតាស្គរ ស្ថិតនៅក្នុងឃុំសារិកាកែវ ស្រុកល្វាឯម កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ដែលមានក្បាល់ដីចំនួន ៣៦៥៦ក្បាលដី ។
លោក ទៀង កុស្សារៈ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។
លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។
ថ្លែងក្នុងពិធីនោះដែរ លោក ចេង ឌីណា អភិបាលរងស្រុកល្វាឯម បានមានប្រសាសន៍ថា ការចុះបញ្ជីរដីជាលក្ខណះប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។
លោកបានបន្តទៀតថា ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។