ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើឲ្យមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល
។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខេត្តកណ្តាល។
ឯកឧត្តមអភិបាលបានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។
គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ក្នុងនោះមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣/ពិធីបុណ្យវិសាខបូជា ៤/ពិធីបុណ្យឯករាជ្យជាតិ និងទី៥គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។លោកឧត្តមអគ្គានុរក្ស ចាត សុីនាង ប្រធានពន្ធនាគារ បានឲ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសយកទណ្ឌិតចំនួន ២៣នាក់ ស្រី ២នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសបុណ្យឯងរាជ្យជាតិ ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ១៤នាក់សម្រេចអោយ ១២នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែមានចំនួន ២នាក់សម្រេចឲ្យបាន ១នាក់ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន ៤ នាក់ សម្រេចឲ្យបាន ១នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមាន ៣នាក់ ស្រី២នាក់ សម្រេចឲ្យបានទាំង ៣នាក់។
ដោយឡែកទណ្ឌិតដែលសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុករួមមានទណ្ឌិតចំនួន ២៦នាក់ ស្រី៥នាក់ ក្នុងនោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ១៧នាក់ ស្រី៥នាក់ សម្រេចអោយ ១២នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែមានចំនួន ៣នាក់ ស្រី១នាក់ សម្រេចឲ្យបានទាំង ១៣នាក់ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន ២នាក់ សម្រេចឲ្យបាន ១នាក់ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមាន ២នាក់ សម្រេចឲ្យបានទាំង ២នាក់ និងទណ្ឌិតសុំលើកលែងទោស ២នាក់ ត្រូវបានសម្រេចយល់ព្រមលែកលែងបាន ១នាក់។