រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ៤ គ្រួសារ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៤គ្រួសារ ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។

លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។ ជាងនេះទៀតសូមបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសបញ្ហាជំងឺកូវីដ-១៩ ប្រភេទថ្មី ដាលតា(Delta)ចូលក្នុងសហគមន៍។

លោកស្រី ទេស ភាព អភិបាលរងស្រុកកោះធំ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយបានឆាបឆេះឡើង បណ្ដាលមកពីការផ្ទុះស៊េខ្សែភ្លើង ធ្វើអោយខូចខាតទាំងស្រុងនូវផ្ទះចំនួន៣ ខ្នង និងខូចខាតដោយអន្លើចំនួនមួយខ្នង ព្រមទាំងបណ្ដាលឲ្យប្រជាការពារម្នាក់ រងរបួសក្នុងកំឡុងពេលនៃការជួយពន្លត់អគ្គីភ័យនេះផងដែរ។អំណោយដែលសាខាបានផ្ដល់ជូនគ្រួសារឆេះទាំងស្រុងចំនួន ៣គ្រួសារក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១ធុង ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ឃីត ១កញ្ចប់ ,ប្រេងឆា ១ដបធំ ,ម៉ាស ១ប្រអប់ ,អាល់កុល ១ដប ឃីត ១កញ្ចប់ កៅស៊ូតង់១ និងថវិកា៥០ម៉ឺនរៀល ។ ដោយឡែកគ្រួសារឆេះដោយអន្លើ ទទួលបានថវិកា ២០ម៉ឺនរៀល និងប្រជាការពាររងរបួសក្នុងការជួយពន្លត់អគ្គីភ័យទទួលបានថវិកា ២០ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង