រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្រដល់ រដ្ឋបាលខេត្តកណ្ដាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងទទួលអំណោយពី លោក តាំង ឃីឡុង និង លោកស្រី ជា លីណា ដែលបាននាំយកថវិកាចំនួន ៥,០០០ (ប្រាំពាន់) ដុល្លារគត់ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមក្នុងសកម្មភាពការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។

ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោក តាំង ឃីឡុង និង លោកស្រី ជា លីណា ដែលបាននាំយកអំណោយជាថវិកា មកឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់បំរើឲ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល ។

ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកថា កាយវិការមនុស្សធម៌របស់លោក លោកស្រី នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាល បានបញ្ជាក់បន្ថែមថា អំណោយជាថវិកានេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលខេត្តកំពុងតែត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំង បង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅក្នុងខេត្ត ហើយសំរាប់អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកតាមគោលដៅ ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ទាំងអស់ ។ ឯកឧត្តមក៏បានជូនពរដល់ លោក តាំង ឃីឡុង និង លោកស្រី ជា លីណា ទាំងសូមមានសេចក្ដីសុខគ្រប់ប្រការ និងជៀសផុតពីជំងឺកូវីដ-១៩គ្រប់ក្រុមគ្រួសារ ហើយរដ្ឋបាលខេត្ត មានសេចក្តីរីករាយ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមជួយគាំទ្របន្ថែមទៀតពីសប្បុរសជននានាផងដែរ។

អត្ថបទទាក់ទង