រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យ និងរៀបចំសាលារៀននៅតាមមូលដ្ឋានស្រុក-ក្រុងរៀងៗខ្លួន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងកិច្ចប្រជុំត្រៀមបើកសាលារៀនឡើងវិញ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យសាលារៀនទាំងអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីត្រៀមរៀបចំក្នុងការបើកឲ្យចូលរៀនឡើងវិញនាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា អនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យអភិបាលរាជធានី-ខេត្តត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួនតិច នៃជំងឺកូវីដ-១៩ ដូច្នេះអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ ក្នុងភូមិសាស្ត្រក្រុង-ស្រុករបស់ខ្លួន ពិសេសកន្លងមកសាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំឱ្យបានស្អាតឡើងវិញ។

ជាងនេះទៀត ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាផងដែរ។

អត្ថបទទាក់ទង