ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប តាមប្រព័ន្ធ Online Video Zoom ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុកទាំង១១ផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្តបានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ទ ត្រូវកំណត់ភូមិសាស្រ្ត ដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងជំងឺកូវីដ-១៩ ដើម្បីជ្រើសរើសយក សាលាមត្តេយ្យ បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ដាក់ឲ្យដំណើរការឡើងវិញបាន ដោយត្រូវរៀបចំយន្តការរៀន និងបង្រៀន ឲ្យបានច្បាស់លាស់ មួយបន្ទាប់អាចដាក់សិស្សបានតែ១៥នាក់ប៉ុណ្ណោះ ត្រូវឆ្លាស់វេនគ្នារៀន សំដៅងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។
សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលមាន វិទ្យាល័យសរុបចំនួន ៣៩ វិទ្យាល័យ មានថ្នាក់រៀនចំនួន ១១៧០បន្ទប់ មានបុគ្គលិកអប់រំសរុប ៣១៣៧ នាក់ មានសិស្សចំនួន ៥២០០៩ នាក់។ អនុវិទ្យាល័យមានសរុបចំនួន ១០១សាលា មានថ្នាក់រៀនចំនួន ៧៤៤ បន្ទប់ មានបុគ្គលិកអប់រំចំនួន ១៩១៧ នាក់ មានសិស្សចំនួន ៣០៦៦៨ នាក់។ មានបឋមសិក្សា សរុបចំនួន ៣៧៣ សាលា មានថ្នាក់រៀន ចំនួន ៤២៩៩បន្ទប់ បុគ្គលិកចំនួន ៣១៩៧ នាក់ មានសិស្សចំនួន ១៥៩១០០ នាក់។ មានមត្តេយ្យសិក្សា សរុបចំនួន ២៤៣ កន្លែង មានថ្នាក់រៀនចំនួន ៥២២ បុគ្គលិកអប់រំ ចំនួន ៥៣៩ នាក់ និងសិស្សចំនួន ១៦ ៦៣៤ នាក់។