ខេត្តកណ្ដាល៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងដោយមានការ អញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ លោកជំទាវ ឱ វណ្ណ ឌីន បានមានប្រសាសន៍ថា បើទោះជាថ្ងៃនេះរបស់ខេត្តកណ្ដាលបានប្រកាសបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ទាំងអស់នៅតែអាចទទួលបានការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក ដែលនៅជិតគេហដ្ឋានខ្លួនបានជាធម្មតាពីព្រោះក្រសួងបានត្រៀមវ៉ាក់សាំងគ្រប់គ្រាន់ទុកសម្រាប់បងប្អូន។
លោកជំទាវ បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្រូវបន្តខិតខំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យដែលមានអាយយកចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំឲ្យបានលឿនបំផុត ដើម្បីធ្វើឲ្យពួកគាត់អាចត្រឡប់ទៅកាន់ការរៀនសូត្ររបស់ខ្លួនឡើងវិញបាន ដោយមិនមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ត្រូវបន្តការអនុវត្តវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវនាំគ្នាអនុវត្តឲ្យបានគ្រប់ៗគ្នាតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំនិង ៣ការពារ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់បានចំនួន ៨៥២,៦៣៣ នាក់ ស្មើ ៩៨.៤៧% នៃផែនការសរុប ៨៦៥,៩១៥ នាក់។ ក្នុងនោះ ពុំទាន់បានចាក់ចំនួន ១៣,២៨២ នាក់ ស្មើ ១.៥៣ %។ ដោយឡែក កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ១៤៣,៣៨០ នាក់ ស្មើ ៩៩.៦៧% នៃផែនការសរុប ១៤៣,៨៥៩ នាក់។ ក្នុងនោះ អ្នកមិនទាន់បានចាក់ ចំនួន ៤៧៩ នាក់ ស្មើ ០.៣៣%។
ឯកឧត្តមបានបន្ដថា ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់ដូសទី១ រួច ចំនួន ៩៩៦,០១៣ នាក់ ស្មើ៩៨.៦៤% នៃផែនការសរុប ១,០០៩,៧៧៤ នាក់ ដោយក្នុងនោះ អ្នកពុំទាន់បានចាក់ចំនួន ១៣,៧៦១ នាក់ ស្មើ ១.៤% រួមមានស្រ្តីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗក្នុងពេលយុទ្ធនាការ និងអ្នកមានជំងឺដែលមិនអាចចាក់បាន។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល សម្រេចបានលទ្ធផលខ្ពស់ នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។