ខេត្តកណ្តាល៖រសៀលថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០២១ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសកម្មភាពកាយ ស្ដារប្រព័ន្ធលូបង្ហូរទឹកនៅក្នុងភូមិសាស្ត្រ ភូមិព្រែកសំរោង សង្កាត់ តាខ្មៅ ។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកាយស្តាលូនៅក្នុងភូមិសាស្ត្រ ភូមិព្រែកសំរោង សង្កាត់ តាខ្មៅ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន យកគ្រឿងចក្រកាយស្តារប្រព័ន្ធលូនេះឡើងវិញ និងបូមទឹកចេញដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ព្រោះភូមិសាស្ត្រនេះពេលភ្លៀងធំម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀង ហើយយើងទាំងអស់មានតែរួមគ្នាកាយស្តារប្រព័ន្ធលូនេះបន្តទៀត ដើម្បីរំដោះទឹកចេញបានឆាប់រហ័ស។
ឯកឧត្តម អភិបាលរងខេត្តក៏បានបន្តណែនាំឱ្យបងប្អូនរស់នៅក្នុងមូលដ្ឋានសូមជួយធ្វើអនាម័យ និងសំអាតបរិស្ថាន កុំបោះសំរាម ព្រមទាំងកាកសំណល់ផ្សេងៗត្រូវដាក់ចូលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ កុំបោះចូលក្នុងលូបន្តទៀត(បរិស្ថានស្អាត គឺចាប់ផ្តើមពីខ្លួនយើង)៕