ខេត្តកណ្តាល៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសង្គមស៊ីវិល បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅទទួលបានលទ្ធផលយ៉ាងល្អប្រសើ ។
ការកោតសរសើរនេះធ្វើឡើង នៅក្នុងពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកណ្តាល របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងអង្គការជាដៃគូជាច្រើនទៀតផងដែរ។
នុងឱកាសនោះដែរ ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ ក៏បានជម្រុញ និងលើកទឹកចិត្តដល់បណ្តាអង្គការសង្គមស៊ីវិល និងសមាគមនានា ត្រូវបន្តកិច្ចសហការឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយការយល់ច្រឡំចំពោះគ្នា និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅឈានទៅបង្កើតភាពជាដៃគូជាមួយគ្នាដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តន៍ច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពក្នុង ការបំពេញការងាររបស់ខ្លួន និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់ បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលតែងបានផ្ដល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងបានរួមចំណែកក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្តែងសម្រាប់ថ្ងៃនេះគឺអង្គការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជ្រើសរើសយកក្រុង-ស្រុកចំនួន៣ សម្រាប់បាញ់ថ្នាំ នៅតាមផ្សារសាលារៀន និងទីប្រជុំជនក្នុងខេត្តកណ្ដាល ក្នុងនោះរួមមាន៖ ក្រុងតាខ្មៅចំនួន ៨ទីតាំង ស្រុកស្អាងចំនួន ៤ទីតាំង និងស្រុកពញាឮចំនួន ៧ទីតាំង។
ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា គិតមកដល់ពេលនេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង សម្រាប់ដូស ទី១ចាក់ជូនប្រជាពលរដ្ឋសរុបបានចំនួន ៨៥៤,៦៩៩នាក់ ស្មើនឹង ៩៨.៦៩%។ ដូស ទី២ចាក់ជូនប្រជាពលរដ្ឋសរុបបានចំនួន ៨៣៦,៣២០នាក់ ស្មើនឹង ៩៧.៨៩%។ ឯកឧត្តមអភិបាលបានឲ្យដឹងទៀតថា សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ ដូសទី១ សរុបមានចំនួន ១៤៥,០៨៥នាក់ ស្មើនឹង១០០.៨៥% ។ ដូសទី២បានចាក់សរុបចំនួន ១៣៣,៣២៩នាក់ ស្មើនឹង៩១.៩% និងដោយឡែកសម្រាប់ដុសជម្រុញ ឬ ដូសទី ៣ បានចាក់ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត គ្រូបង្រៀន និងប្រជាពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើង សរុបបានចំនួន ៣៩,៩៧៤នាក់។
នាឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់នូវ ឱសថចិន ម៉ាស់ ឧបករណ៍តេស្តរហ័ស និងបំពង់បាញ់អាល់កុលជូនដល់ រដ្ឋបាលខេត្ត និងអង្គការសមាគមដែលមានវត្តមានក្នុងពិធសំណេះសំណាលនេះផងដែរ។