ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបី តាមរយៈ Video online zoom meeting
របៀបវារៈក្នុងកិច្ចប្រជុំរួមមាន÷
១-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត របាយការណ៍ស្តីពីការបិទបញ្ចប់ការចាក់ វ៉ាក់សាំងជុំទី១ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង និងរបាយការណ៍នៃការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម។១៨ឆ្នាំ។
៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើគម្រោងថវិការដ្ឋបាលខេត្ត ឆ្នាំ២០២២។
៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ ។
៥-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត។
៦-ពិនិត្យ និងពិភាក្សា ស្តីពីការរៀបចំបើកឱ្យដំណើរការសាលារៀនឡើងវិញ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ៤៦អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ស្តីពីការបង្រៀន និងរៀនតាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់ក្រុមគ្រូពេទ្យ និងមន្រី្ត នៃមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំបំពេញភារៈកិច្ច ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ បានតាមផែនការកំណត់របស់រដ្ឋបាលខេត្ត និងតាមគោលការណ៍របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ។
ឯកឧត្ដមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បានប្រសាសន៍បន្តថា ចំពោះក្មួយៗចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតអោយចូលសិក្សាឆ្នាំសិក្សាថ្មីនេះ ដោយបង្ហាញប័ណ្ណចាក់វ៉ាក់សាំងដល់គណៈកម្មការតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីចូលសិក្សា ។ឯកឧត្ដមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បានសំណូមពរដល់លោកគ្រូអ្នកគ្រូ សូមអនុវត្តយ៉ាងតឹងរឹង នូវិធានការទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សានុសិស្ស ពីរបៀបអនាម័យឱ្យបានស្អាតជាប់ជានិច្ច និង ការវាស់កម្តៅ ព្រមទាំងពាក់ម៉ាស់អោយបានត្រឹមត្រូវ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២៨ អាណត្តទីិ៣ នេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានអោយដឹងដែរថាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលបានយកធើ្វជាមណ្ឌលចត្តាឡីស័កកន្លងមក គឺត្រូវបានក្រុមការងារ ចុះសំអាត និងរកទីកន្លែងថ្មីសម្រាប់ធើ្វចត្តាឡីស័ក ដោយបានអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ អនុវិទ្យាល័យ និងវិទ្យាល័យ មួយចំនួនក្នុងខេត្តកណ្ដាល ត្រូវបើកអោយដំណើរការឆ្នាំសិក្សាថ្មី សម្រាប់សិស្សានុសិស្សបានចូលរៀនសូត្រផងដែរឡើងវិញ ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំង មានសមត្ថកិច្ចទាំងបី មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។