រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំមន្ត្រីពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១

ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធអនឡាញ Zoom។

គួបញ្ជាក់ដែរថា បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តកណ្តាលកើតមានចំនួន៨៦លើក កើន១០លើក ស្មើនឹង១៣% ។ សមត្ថកិច្ចបានត្រួតពិនិត្យលើអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅពេលយប់បាន ចំនួន ១៧៩នាក់ ក្នុងនោះអ្នកបើកបររថយន្ត ចំនួន ៩៨នាក់ និងអ្នកបើកបរម៉ូតូ ចំនួន ៨១នាក់ និងបានពិន័យយានយន្តល្មើសសរុបចំនួន២៣៧គ្រឿង (រថយន្ត១៣៥គ្រឿង និងម៉ូតូ១០២ គ្រឿង) ។

ដោយឡែកសម្រាប់ការងារចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត បានធ្វើការចុះបញ្ជីរថយន្តទេសចរណ៍ចំនួន ២០៦គ្រឿង រថយន្តដឹកទំនិញធុនតូចបាន ចំនួន ១៤គ្រឿង រថយន្តដឹកទំនិញធុនធំបាន ចំនួន ១៥៩គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ចំនួន ១៤គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ចំនួន ០២គ្រឿ ទោចក្រយានយន្ត (ម៉ូតូ)ចំនួន ១,១៤៥គ្រឿង និងត្រីចក្រយានយន្ត ចំនួន ៩៥គ្រឿង ។ បានផ្តល់បណ្ណយានយន្ត ប្រភេទ ក ចំនួន ៣៣១បណ្ណ និងប្រភេទ ខ ចំនួន ៤,០០៤បណ្ណ ៕

អត្ថបទទាក់ទង