រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ព្រមទាំងមន្ត្រីរាជការ បាននាំយកនូវទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃនៅវត្តព្រែកឬស្សី

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ បានយកទេយ្យវត្ថុ រួមមាន៖ អង្ករ ១តោន ទឹកសុទ្ធ១០កេស ភេសជ្ជៈ១០កេស មី១០កេស ត្រីខ២០យួរ ម៉ាស់១កេសធំ និងបច្ច័យកាន់វេន ៥លានរៀល ព្រមទាំងបវរណាប្រគេនបច្ច័យបួនព្រះសង្ឃ ចំនួន១១អង្គ ក្នុងមួយអង្គ បច្ច័យ ១០ម៉ឺនរៀល មកប្រគេន ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តវេឡុការាម ហៅវត្តព្រែកឬស្សី និងព្រះថេរានុថេរៈ គ្រប់ព្រះអង្គគង់ចាំព្រះវស្សា នៅវត្តព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលពិនិត្យឃើញ មានការជួបប្រជុំ និងប្រមូល ផ្គុំមនុស្សជាច្រើននៅតាមបណ្តាវត្ត ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹម ត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយ ធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមាន កម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ដើម្បីធានាការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជន រាជរដ្ឋភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ហើយគណៈអភិបាលខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការ ពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃនៅតាម បណ្តាលវត្តអារាមនានាផងដែរ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

អត្ថបទទាក់ទង