ខេត្តកណ្តាល៖ អាជ្ញាធរស្រុកល្វាឯមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងឃុំកោះរះសូមចូលរួមសហការជាមួយគណៈកម្មាការបណ្ដុះបណ្ដាល អំពីនាទី ភារកិច្ចក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងក្រុមការងារបច្ចេកទេសវាស់វែង ដើម្បីទទួលបានសិទ្ឋិស្របច្បាប់ក្នុងការ កាន់កាប់គ្រប់គ្រង អាស្រ័យផល។ការអំពាវនាវនេះធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលគណកម្មការរដ្ឋបាល អំពីតួនាទី និងភារកិច្ចក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន២ភូមិ គឺភូមិកោះរះលើ និងភូមិកោះរះក្រោម ក្នុងឃុំកោរះ ស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១។
លោក អ៊ុក ឌៀប ប្រធានភូមិបាលស្រុក បានថ្លែងថា ដើម្បីអោយដំណើរការ ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ប្រព្រឹត្តដោយរលូន និងជោគជ័យ ទាមទាអោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ពិសេសលោកមេភូមិ មេឃុំ និងម្ចាស់ដីផ្ទាល់ ដូចជាការកំណត់ព្រំប្រទល់ (បោះបង្គោលអោយបានច្បាស់លាស់) បំបាត់រាល់ទំនាស់ រកឯកសារគតិយុទ្ធដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសៀវភៅគ្រួសារជាដើម។
លោក បានគូសបញ្ជាក់ពីគោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺចង់អោយលោកលោកស្រីនៅក្នុងគណៈកម្មការរដ្ឋបាល យល់ច្បាស់ពីនីតិវិធីច្បាប់ និងសារាចរាចរណ៍ណែនាំ តួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដែលមានលក្ខណជាប្រព័ន្ធ ដែលក្នុងនោះបែងចែកជា៤ដំណាក់កាល ទី១កំណត់តំបន់វិនិច្ឆ័យ ក្នុងមូលដ្នានដែលក្រុមវាលចុះវាស់វែង ទី២បិទផ្សាយជាសាធារណៈលើតំបន់ដែលបានចុះវាស់វែងរួច និងទី៣បិតផ្សាយជាសាធារណៈ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួច និងទុកឱកាសជូនពលរដ្ឋដើម្បីកែរតំរូវរាលការខុសឆ្គងបច្ចេកទេសលើ ឈ្មោះ ទំហំដី ។ល។ ក្រោយបញ្ចប់ការកែតម្រូវនេះ ទី៤ ត្រូវប្រគល់ជូននូវប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ជូនពលរដ្ឋ។
លោកបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញនូវគោលនយោបាយដីធ្លីជាពិសេសកម្មវិធីអនុវិស័យដីធ្លី ដូច្នេះប្រជាពលរដ្ឋក្នុងឃុំកោះរះ ត្រូវចូលរួមជាមួយគណៈកម្មាការ និងក្រុមការងារបច្ចេកទេសវាស់វែង ដើម្បីទទួលបានសិទ្ឋិស្របច្បាប់ក្នុងការ កាន់កាប់គ្រប់គ្រង អាស្រ័យផល និងចាត់ចែង ដើម្បីលើកកំពស់សេដ្ឋកិច្ច ជីវភាព របស់ប្រជាពលរដ្ឋ៕