ខេត្តកណ្ដាល ៖ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៥៣-២០២១ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងបរិវេណសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ។ លោកប្រធានអង្គប្រជុំបានបញ្ជាក់ថា ការរៀបចំពិធីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលមហាកម្លាំង មហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិមួយដ៏ពេញបរិបូណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" នៃព្រះរាជាណាចក្រកម្ពុជា ។ ថ្លែងក្នុងកិច្ចប្រជុំ លោក នាយករងរដ្ឋបាលសាលាខេត្ត បានស្នើកងកម្លាំង ព្រមទាំងមន្ទីរ-អង្គភាព និងក្រុមការងារពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តផែនការណែនាំរបស់រដ្ឋបាលខេត្ត និងកម្មវិធីដែលបានគ្រោងទុក ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីអង្គពិធីប្រព្រឹត្តទៅដោយរលូន ។ ជាមួយគ្នានេះ ស្នើកងកម្លាំងនគរបាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនអង្គពិធីនៅមុនពេល ក្នុងពេល និងក្រោយបញ្ចប់អង្គពិធី ។ ទន្ទឹមនោះ រៀបចំឱ្យមានក្រុមគ្រូពេទ្យត្រៀមបាញ់អាកុល វាស់កម្តៅសមាជិកមុនចូលអង្គពិធី ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងត្រៀមឡានពេទ្យសង្គ្រោះបន្ទាន់ និងថ្នាំសង្កូវ ដើម្បីជួយសង្គ្រោះ ក្នុងគ្រាដែលមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/254808997_4321195068008699_4519768425872280714_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/251016529_4315699661891573_3230693301119176430_n-2-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/255161589_4321194724675400_7366349659313490677_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/254276436_4321195224675350_9221043762487568375_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/255068803_4321195368008669_2510436191286632677_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/255129665_4321195731341966_4052767786439641038_n-1024x683.jpg)