ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចំពោះអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដែលពុំមានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពខុសបច្ចេកទេស ក្នុងស្រុកកណ្តាលស្ទឹង។ ជាក់ស្តែង គណៈកម្មការចម្រុះបានធ្វើការផ្អាកអាជីវកម្មចំនួន ០២ កន្លែង ទីតាំងទី១ស្ថិតនៅភូមិភូមិចេក ឃុំរកា និងទីតាំងទី២ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។ឯកឧត្តមបានណែនាំនិងលើកទឹកចិត្តម្ចាស់អាជីវកម្ម អោយប្រកបរបរអោយបានត្រឹមត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមបទដ្ឋានបច្ចេកទេស។ ចំពោះអាជីវកម្ម ០២កន្លែងនេះ គណៈកម្មការនឹងអនុវត្តតាមនីតិវិធីដោយធ្វើការពិន័យ និងអោយបង់សួយសារ៉ែចូលរដ្ឋឡើងវិញអោយបានត្រឹមត្រូវ។ឯកឧត្តម ប្រធានគណៈកម្មការចម្រុះបានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និង អ្នកធ្វើដំណើរតាមដងផ្លូវ។