រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៤៦នាក់ ត្រូវបានរដ្ឋបាលស្រុកស្អាងប្រគល់ថវិកាឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមគ្រួសារសព ដោយក្នុងមួយគ្រួសារទទួលបានថវិការ ២លានរៀល

ខេត្តកណ្ដាល៖ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលំបាក និងសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយជាច្រើនដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩។ ទន្ទឹមនោះដែរលោកក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើការ សាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និងបានចូលរួមសោកស្តាយក្នុងការបាត់បង់សមាជិកក្រុមគ្រួសារ សាច់ញាតិជាទីស្រលាញ់ ដោយសារតែជំងឺកូវីដ-១៩ផងដែរ។លោក ញឹម វណ្ណឌិន បានបញ្ជាក់ដូច្នេះ ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយគ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកស្អាង ចំនួន ៤៦គ្រួសារ ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដោយក្នុង១គ្រួសារសព ទទួលបានថវិកាចំនួន ២លានរៀល ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងសាលាស្រុកស្អាង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ថវិកាដែលបានចែកជូននាពេលនេះជាកញ្ចប់ថវិការដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយសម្រាលនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារសពដែលបានស្លាប់ទៅហើយនោះ ហើយថវិកានេះ អាជ្ញាធរ មានភារកិច្ចត្រូវតែប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមកនេះ។នាឱកាសនោះដែរ លោក ញឹម វណ្ណឌិន ក៏បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋទូទៅ បើទោះបីជាបច្ចុប្បន្ននេះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានការថយចុះក៏ដោយ យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្តនូវវិធានការការពារ ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជាបន្តបន្ទាប់ទៅក្រុមគ្រួសារ និងសហគមន៍យើង។ ម្យ៉ាងទៀត ក្នុងករណីមានរោគសញ្ញាសង្ស័យ ឬមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន សូមមេត្តាផ្ដល់ដំណឹងជាបន្ទាន់មកអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាព។

អត្ថបទទាក់ទង