(ខេត្តកណ្តាល)៖ នៅរសៀល ថ្ងៃ២៣ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តី ជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យ ស្ថានភាពនៃការបាក់ច្រាំងទន្លេ ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ការបាក់ច្រាំងទន្លេនេះ ដោយសារចរន្តលំហូរទឹក ទើបបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ។
ឯកឧត្តមបានប្រសាសន៍ថា ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក កំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។