រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋក្រីក្រចំនួន ៦៣៣ គ្រួសារ ស្ថិតក្នុងសង្កាត់ដើមមៀន និងសង្កាត់ចាក់អង្រែទទួលបានអំណោយពីព្រះចៅអធិការវត្តបុទុមសាគរ

ខេត្តកណ្តាល៖ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយព្រះគ្រូវិបស្សានា កុសលត្ថេរ ស្ងើន កោសល ព្រះចៅអធិការវត្តបុទុមសាគរ និងមន្ត្រីរាជការជុំវិញខេត្ត នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចែកអំណោយដល់គ្រួសារក្រីក្រ ចំនួន៦៣៣គ្រួសារ មកពីសង្កាត់ដើមមៀន និងសង្កាត់ចាក់អង្រែ ។ព្រះគ្រូវិបស្សានា កុសលត្ថេរ ស្ងើន កោសល មានសង្ឃដិកាថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ព្រះសង្ឃមានជីវិត និងវត្តអារាមមានការរីកចម្រើនទៅបាន ដោយសារសប្បុរសជន និងពុទ្ធបរិស័ទជួយឧបត្ថម្ភគាំទ្រ ដូច្នេះពេលប្រជាពលរដ្ឋជួបការលំបាក ខាងពុទ្ធចក្រក៏ត្រូវជួយដល់ប្រជាពលរដ្ឋវិញដែរ។ ព្រះគ្រូវិបស្សានា បានគូសបញ្ជាក់ថា អំណោយដែលត្រូវចែកជូននាពេលនេះ គឺបានមកពីសប្បុរសជន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ យកមកប្រគេនដល់ព្រះអង្គ ដោយសារតែពួកគាត់មានជំនឿលើការបន់ស្រន់ នៅក្នុងទីអារាមវត្តដ៏ស័ក្តិសិទ្ធិនេះ។ ក្នុងឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះគ្រូវិបស្សានា កុសលត្ថេរ ស្ងើន កោសល ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើកមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលក្រុង ក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសក្ខីភាពស្រាប់។ ឯកឧត្តមអភិបាលរងខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធិគឺ “៣ការពារ និង ៣កុំ" ដូច្នេះ សូម ចូលរួមអនុវត្តទាំងអស់គ្នា ទើបយើងអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកវីដ ១៩ ពិសេសកូវីដទើបបំ លែងខ្លួនថ្មីបានទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់រដ្ឋបាលក្រុង ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយកិច្ចការ នេះ ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹម ពិសេសផ្តោតយកចិត្តទុកដាក់អនុវត្តនូវ លក្ខណៈសម្បត្តិ ទាំង ៧ ចំណុច នគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ។ សូមបញ្ជាក់ថា៖អំណោយដែលព្រះគ្រូវិបស្សានា កុសលត្ថេរ ស្ងើន កោសល ចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន អង្ករ ១៥គីឡូ,មី១៥កញ្ចប់,ទឹកត្រី,ទឹកស៊ីអ៉ីវ៤ដប,ត្រីខ៥កំប៉ុង,ទឹកដោះគោ២កំប៉ុង,តែ៥កញ្ចប់ និងថវិការបស់រដ្ឋបាលខេត្តក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង